ចម្ការកៅស៊ូ វៀតណាម នៅកម្ពុជាត្រូវអនុវត្តច្បាប់ចំពោះកម្មករក្នុងចម្ការកៅស៊ូ ដូចកម្មករក្នុងរោងចក្រដែរ

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អះអាងប្រាប់ និយោជកចម្ការកៅស៊ូវៀត ណាមនៅកម្ពុជាថា ការអនុវត្តច្បាប់ចំពោះកម្មករចម្ការកៅស៊ូ ក៏ដូចកម្មករក្នុងរោងចក្រដែរ


ទីស្ដីការក្រសួង៖ ក្រុមនិយោជកចម្ការកៅស៊ូ វៀតណាមនៅកម្ពុជា បានបង្ហាញការបារម្ភ ពីការអនុវត្តច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តនានា ចំពោះកម្មករចម្ការកៅស៊ូនៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយមានការប្រែប្រួលការអនុវត្តមួយចំនួន។ 

ឆ្លើយតបនឹងការព្រួយបារម្ភនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានអះអាងប្រាប់ក្រុមនិយោជកចម្ការកៅស៊ូ វៀតណាមនៅកម្ពុជា  ថាការអនុវត្តច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តនានា ចំពោះកម្មករក្នុង ចម្ការកៅស៊ូ នៅប្រទេសកម្ពុជា គឺស្របទៅ នឹងការអនុវត្តចំពោះកម្មករនិយោជិតក្នុងរោងចក្រ សហគ្រាសដូចគ្នាដែរ។

ការពន្យល់ បំភ្លឺបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ទទួលជួប ពិភាក្សាការងារជាមួយលោក TRUONG MINH TRUNG នាយករងសម្ពន្ធឧស្សាហកម្មកៅស៊ូ វៀតណាម (VRG) នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រោយបញ្ចប់កិច្ចពិភាក្សាខាងលើ ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ បានឲ្យដឹងបន្ទាប់ពីភាគីវៀតណាមបង្ហាញការព្រួយបារម្ភខាងលើនោះរួចមក ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានអះអាងតបវិញថា ការអនុវត្តច្បាប់នាពេលបច្ចុប្បន្ននៅកម្ពុជា គឺគ្របដណ្ដប់ទាំងអស់ មិនថានៅក្នុងរោចងចក្រ ឬនៅក្នុងចម្ការកៅស៊ូនោះទេ ដូចជាការបើក ប្រាក់ខែ២ដងក្នុងមួយខែ បើកប្រាក់អតីតភាព២ដងក្នុងមួយឆ្នាំ ការអនុវត្តការងារពាក់ព័ន្ធនឹងបេឡាជាតិរបបសន្តិសុខសង្គម ការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រែប្រួលនូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានេះ គឺធ្វើឡើងដើម្បីការពារផលប្រយោជន៍របស់កម្មករនិយោជិត និងការបង្កើនផលិតភាពការងារនៅតាមមូលដ្ឋានការងារឱ្យកាន់តែខ្ពស់។
ក្រោយពីទទួលបានការបកស្រាយពីសំណាក់ ឯកឧត្តម រដ្ឋមន្ត្រី រួចមក តំណាងភាគីនិយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជា ហាក់រសាយនូវក្ដីកង្វល់ ហើយបានជម្រាបបន្ថែមថា ប្រសិនបើមានបញ្ហាអ្វីផ្សេងទៀតពាក់ព័ន្ធវិស័យការងារនេះ ភាគីវៀតណាមនឹងទាក់ទងមកក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈផ្ទាល់។ លើសពីនេះ តំណាងនិយោជក ចម្ការកៅស៊ូវៀតណាមនៅកម្ពុជា លោក TRUONG MINH TRUNG ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ដែរថា សមាគមចម្ការកៅស៊ូវៀតណាមនៅកម្ពុជា នឹងរៀបចំឱ្យសមាគមរបស់ខ្លួនឱ្យស្របច្បាប់ពេញលេញ ពិសេសគឺការរៀបចំបែបបទចុះបញ្ជីនៅក្រសួងការងារ ដើម្បីងាយស្រួលក្នុងការអនុវត្តច្បាប់ជាមួយភាគីកម្ពុជា៕

Comments

Popular Posts