ទីតាំងផ្ញើម៉ូតូនៅ ផ្សារទំនើបៗក្នុងរាជធានីភ្នំពេញអាចនឹងប្រឈមមុខជាមួយនឹងវិធានការផ្លូវច្បាប់របស់កញ្ញា ធី សុវណ្ណថា!!
កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ កន្លង់ទៅនេះ កញ្ញា ធី សុវណ្ណថា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមជាមួយនឹងសារដែលបង្ហាញពីការមិនពេញចិត្ត របស់កញ្ញា ចំពោះទីតាំងផ្ញើម៉ូតូនៅជុំវិញ អគារ NAGA World ដែលតម្លើងថ្លៃឈ្នួលផ្ញើដល់ទៅ ៥០០០៛ (ប្រាំពាន់រៀល) សម្រាប់ម៉ូតូមួយគ្រឿង នៅថ្ងៃបុណ្យគំរប់ខួបលើកទី ៣៩ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៨) ដោយកញ្ញា ធី សុវណ្ណថា ថានឹងប្ដឹងក្រុមអ្នកផ្ញើម៉ូតូទាំងនោះ ទៅកាន់ ក្រុមហ៊ុន NAGA World និង សាលាក្រុងភ្នំពេញ។ ក្នុងសារនោះកញ្ញា ធី សុវណ្ណថា បានលើកឡើងថា៖
"នាងខ្ញុំ នឹង ដាក់ពាក្យប្ដឹង ជនឆ្លៀតឳកាសករណី៖ កេងឡើងថ្លៃផ្ញើរម៉ូតូ ៥០០០៛ ក្នុងកម្មវិធី ៧មករា ទីតាំង ជុំវិញអគារ Naga World សង្កាត់ទន្លេបាសាក់ ជូន ក្រុមហ៊ុន Naga World និងសាលាក្រុងភ្នំពេញ។"
ជុំវិញករណីនេះផងដែរ ថ្នាក់ដឹកនាំសន្ដិសុខនៃទីតាំងជុំវិញអាគារ NAGA World) បានចេញមុខមកសម្របសម្រួលនិងដោះស្រាយជាមួយកញ្ញា ធី សុវណ្ណថា ដោយរូបលោកបានសម្រេច ដកក្រុមសន្ដិសុខ ដែលតម្លើងថ្លៃផ្ញើម៉ូតូទាំងនោះចេញតែម្ដង។ យោងតាមគណនីហ្វេប៊ុក (Facebook) របស់កញ្ញា ធី សុវណ្ណថា នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៨ នេះ កញ្ញា បានជួប នឹងថ្នាក់ដឹកនាំសន្ដិសុខ ហើយក៏បានដោះស្រាយគ្នានរួចរាល់ដែរ ទាក់ទិននឹងបង្ហាការតម្លើងថ្លៃផ្ញើម៉ូតូច្រើនហួសហេតុ កាលពីថ្ងៃទី០៧ ខែមករា កន្លងទៅនេះ។ តែអ្វីដែលលេចចេញជាថ្មីមួយទៀតនោះ គឺកញ្ញា ធី សុវណ្ណថា បានបង្ហើរសាររបស់កញ្ញាថា ចាប់ពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨ នេះតទៅ កញ្ញានឹងធ្វើការប្ដឹង ទៅដល់អភិបាលខេត្តក្រុងទាំងអស់ និង អង្គភាពប្រឆាំងអំពើពុករលួយ ចំពោះទីតាំងផ្ញើម៉ូតូណាមួយ ដែលដំឡើងថ្លៃផ្ញើលើសពី ៥០០៛ (ប្រាំរយរៀល) ក្នុងមួយគ្រឿង ។ ក្នុងនោះផងដែរ កញ្ញាក៏បានអំពាវនាវដល់ប្រជាជនទូទាំងប្រទេស ចូលរួមសហការណ៍ ដើម្បីផ្ដល់ដំណឹងជូនកញ្ញា ដើម្បីចាត់ការតាមផ្លូវច្បាប់។
ក្នុងសាររបស់កញ្ញា គឺបានលើកឡើងថា៖
"ចាប់ពីថ្ងៃទី ១១ មករា ២០១៨ នាងខ្ញុំនឹងដាក់ពាក្យប្ដឹងជូនអភិបាលខេត្តក្រុង២៥ និងអង្គភាពប្រឆាំងអំពើពុករលួយ ចំពោះទីតាំងផ្ញើរម៉ូតូទាំងឡាយណា ដែលដំឡើងថ្លៃផ្ញើម៉ូតូ លើសពី ៥០០៛/១ម៉ូតូ។ សូមប្រជាជនទូទាំងប្រទេស ចូលរួមសហការណ៍ផ្ដល់ដំណឹងជូននាងខ្ញុំ ដើម្បីចាត់ការតាម ច្បាប់។ "
តាមរយៈសារខាងលើ គឺប្រាកដយ៉ាងច្បាស់ថា កញ្ញា ធី សុវណ្ណថា មិនមើលនឹងភ្នែកទទេ ទៅលើការយក់ថ្លៃលើសខុសធម្មតាចំពោះការផ្ញើម៉ូតូ គ្រប់ពេលទាំងអស់ ពោលគឺទោះមិនមែនជាថ្ងៃបុណ្យជាតិ ឬថ្ងៃឈប់សម្រាក់ក៏ដោយ ឲ្យតែកន្លែងណាដែលហ៊ានយកថ្លៃផ្ញើម៉ូតូ លើសពី ៥០០៛ (ប្រាំរយរៀល) នោះកញ្ញា នឹងធ្វើការប្ដឹងទីតាំងនោះភ្លាម។ តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏តម្លៃផ្ញើម៉ូតូភាគច្រើនលើសពី ៥០០៛ (ប្រាំរយរៀល) រួចជាស្រេចទៅហើយ នៅតាមផ្សារទំនើប កន្លែងផ្ញើឯកជន និងនៅតាមផ្សារធម្មតាមួយចំនួនទៀត។ សំនួរ ចោតសួរថា តើកញ្ញា ធី សុវណ្ណថា អាចនឹងចាត់វិធានការផ្លូវច្បាប់នេះចំពោះក្រុមហ៊ុនផ្ញើម៉ូតូ រថយន្ដ នៅតាមផ្សារទំនើបដែរឬទេ? ព្រោះថាក្រុមហ៊ុនទាំងនោះសុតតែយកតម្លៃផ្ញើម៉ូតូលើសពី ៥០០៛ (ប្រាំរយរៀល) ទាំងអស់។
តាមរយៈសាររបស់កញ្ញាមួយនេះ បានធ្វើឲ្យអ្នកនិយមលេងហ្វេប៊ុកភាគច្រើនបានបញ្ចេញបតិគាំទ្រ តែក៏មានមតិរឹះគុណចំពោះកញ្ញាផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាវិធានការដ៏ល្អមួយ ដើម្បីកុំឲ្យជនខិលខូច ឆក់ឳកាស កេងប្រវ័ញ្ញប្រជាជនក្នុងពិធីបុណ្យជាតិ ក៏ដូចជាថ្ងៃឈប់សម្រាក់នាៗផងដែរ។ កូសបញ្ចាក់ផងដែរថា មិនមែនគ្រាន់តែបង្ហាការផ្ញើម៉ូតូមួយនេះទេ ដែលជនឆ្លៀតឳកាសកេងយកផលចំណេញកប់ក្ដោង តែក៏មានក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួនធំបានធ្វើបែបនេះដើម្បីតែផលចំណេញសម្រាប់ខ្លួន និងក្រុមរបស់ខ្លួន។
Comments
Post a Comment